ខេត្តកំពង់ស្ពឺ ៖ មានថេរដីកាប្រាប់អ្នកយកព័ត៌មានកោះសន្តិភាព ព្រះតេជគុណ ឌូ វណ្ណឌឿន ដែលឆក់ឱកាសធ្វើតារាចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំ២-៣បទ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដោយអចេតនា ព្រោះតែការភ្លាំងភ្លាត់ស្មារតី ។ ព្រះអង្គថា អាត្មាភាពមានការសោកស្តាយណាស់ ដែលមិនគួរណាបណ្តោយខ្លួនឱ្យលង់ទៅតាមអារម្មណ៍មួយភាំង ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព ព្រះតេជគុណ ឌូ វណ្ណឌឿន មានសង្ឃដីកានៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ថា ក្នុងអំឡុងបុណ្យចូលឆ្នាំវត្តរលាំងកំពូល ក៏ដូចជាវត្តនានាបានរៀបចំតាមបែបប្រពៃណីសាសនា និងបុណ្យជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួលដល់ការធ្វើបុណ្យទាន និងការកម្សាន្តសប្បាយតាមបែបវប្បធម៌ប្រពៃណី ។ ក្នុងនោះវត្តអាត្មាក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយ ដោយមានគណៈកម្មការអាចារ្យវត្ត បានឯកភាពគ្នាជួលក្រុមតន្ត្រីមកប្រគំឱ្យប្រជាពុទ្ធបរិស័ទលេងកម្សាន្តសប្បាយក្នុងអំឡុងបុណ្យចូលឆ្នាំនេះ ។
ព្រះអង្គមានសង្ឃដីកាបន្តថា ក្នុងអំឡុងពិធីបុណ្យឆ្លងថ្ងៃទី១៧ មេសា ២០១៦ បន្ទាប់ពីរៀបចំកិច្ចវត្ត និងស្រង់ទឹកចាស់ព្រឹទ្ធាចារ្យ និងស្រង់ព្រះពុទ្ធបដិមារួចមក នៅល្ងាចថ្ងៃ១៧ មេសា ក្រុមតន្ត្រីក៏ចាប់ផ្តើមប្រគំ ។ ក្នុងនោះព្រះអង្គបានណែនាំឱ្យអនុគណស្រុក ព្រមទាំងគ្រូសូត្រឆ្វេងស្តាំ ព្រមទាំងភិក្ខុសាមណេរមួយចំនួនទៀត យកភេសជ្ជៈមានដូចជាទឹកក្រូច៥កេស និងទឹកបរិសុទ្ធ៥កេស ទៅជូនដល់អ្នកភ្លេង និងញាតិញោមដែលមកចូលរួមកម្សាន្ដ និងអ្នកឈរមើលគ្រប់ៗគ្នា ដោយមានវត្ដមានព្រះតេជគុណនៅទីនោះផង ។ បន្ទាប់ពីចែកភេសជ្ជៈហើយ ញាតិញោមព្រមទាំងពុទ្ធបរិស័ទចំពោះជើងវត្ដក៏បានសំណូមពរឱ្យព្រះអង្គសូត្របទស្មួតណាមួយដែលព្រះអង្គចេះ ។ ព្រះអង្គបន្ដសង្ឍដីកាថា ដំបូងអាត្មាសូត្របទពង្សាវតាខ្មែរ តែព្រះអង្គមិនបានដឹងថា បទនេះអ្នកភ្លេងគេមិនចេះលេងនោះទេ ។ លុះក្រឡេកមើលមកក្រោមស្រាប់តែមានអ្នករាំ ដំបូងអាត្មាសូត្រនៅក្រោមឆាក តែពុទ្ធបរិស័ទសំណូមពរឱ្យឡើងលើឆាក ដើម្បីឱ្យអ្នកដែលមិនស្គាល់បានឃើញព្រះភក្ដិ ពេលសូត្រចប់ព្រះអង្គប្រុងចុះមកវិញ ស្រាប់តែយាយតា និងញាតិញោមដែលកំពុងរាំក៏បានសំណូមពរថា ព្រះអង្គកុំទាន់អាលនិមន្ដចុះ មានចេះបទរាំវង់ខ្លះទេ ? ដំបូងព្រះអង្គគិតថា មិនចេះទេ ស្រាប់តែនឹកឃើញបទគន់មើលក្នុងសួន (បទនេះចេះតាំងពីមិនទាន់បួស) ព្រះអង្គថា មិននឹកថាបទហ្នឹង គេច្រៀងមានគ្នាឯណា» ។
តាមរយៈសង្ឃដីការៀបរាប់ខាងលើ ព្រះអង្គទទួលស្គាល់ថា រឿងរ៉ាវដែលកើតឡើង គឺព្រះអង្គព្រមទទួលកំហុសទាំងអស់ ហើយក៏មានការសោកស្ដាយណាស់ដែរ ។ ព្រះអង្គក៏បានសុំទោសជាសាធារណៈថា «កំហុសទាំងឡាយទាំងពួងនេះ ចុងក្រោយសូមឱ្យញាតិញោមនិងពុទ្ធបរិស័ទជិតឆ្ងាយមេត្តាអភ័យទោសដល់ព្រះអង្គផង ។ ក្នុងនោះព្រះអង្គ ក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃគ្រប់អង្គសូមមេត្ដាប្រុងប្រយ័ត្ន កុំឱ្យមានការភ្លាំងភ្លាត់ស្មារតី ជួបបញ្ហាដូចព្រះអង្គ ។
ព្រះតេជគុណ ឌូ វណ្ណឌឿន ក៏បានសន្យាថា «អាត្មាភាពនឹងកែលម្អរខ្លួន មិនឱ្យមានកំហុសបែបនេះតទៅទៀតទេ ។
ក្នុងបទសម្ភាស៍នេះ ព្រះតេជគុណ ក៏បានសុំដល់ញាតិញោម ពុទ្ធបរិស័ទទាំងអស់គ្នា អនុគ្រោះដល់ព្រះអង្គផង និងសុំឲ្យធ្វើការពិចារណាទៅតាមទោសកំហុស ដែលបានកើតឡើងនោះចុះ ព្រមទាំងប្រកបដោយសុភវិនិច្ឆ័យ ប្រកបដោយវិចារណញ្ញាណ ។
ពាក់ព័ន្ធទៅនឹងបញ្ហាដែលកើតមាននេះដែរ ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនបានលើកឡើងថា តាមពិតគឺព្រះអង្គមិនចង់ឲ្យមានការប្រគុំតន្ត្រីនៅក្នុងវត្តទេ តែដោយមានការស្នើសុំពីសំណាក់ពុទ្ធបរិស័ទ និងដោយមានការឯកភាពពីគណកម្មការអាចារ្យវត្តផងនោះ ទើបមានការដាក់តន្ត្រីឲ្យរាំកម្សាន្តនោះឡើង ។ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់មិនចង់ឲ្យមានការដកហូតតំណែងជាមេគណពីព្រះអង្គឡើយ ដោយពុទ្ធបរិស័ទគាំទ្រព្រះអង្គពេញទំហឹង ថ្វីត្បិតតែព្រះអង្គមានកំហុសរឿងឡើងឆាកតន្ត្រីក៏ពិតមែន តែកំហុសនេះ មិនដល់ថ្នាក់តម្រូវឲ្យសឹក ឬលាលែងពីតំណែងឡើយ ។
ចំណែកលោក សំ សោភ័ណ្ឌ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បាននិយាយថា បញ្ហនេះគឺព្រះអង្គ ឌូ វណ្ណឌឿន ជាថ្នាក់ដឹកនាំសង្ឃទូទាំងខេត្ត ព្រះអង្គមិនមែនជាភិក្ខុធម្មតានោះទេ ចំពោះរឿងតំណែងជាមេគណសង្ឃនោះ នៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ។
លោកតា យឿង ភឿន ដែលជាពុទ្ធសាសនិក និងជាបរិស័ទចំណុះជើងវត្តបានសំណូមពរ ទៅថ្នាក់ដឹកនាំសូមមេត្តាកុំឲ្យមានការដកហូតតំណែងពីព្រះអង្គ ដោយលោកតាលើកឡើងថា «ធម្មតាមែកឈើមួយងាប់ យើងលះតែមែកឈើនោះចោលទៅបានហើយ កុំចាំបាច់គាស់រំលើងទាំងគល់» ។ លោកមានប្រសាសន៍នេះក្នុងន័យថា ព្រះអង្គត្រូវអាបត្តិបាចិត្តយ គឺអាបត្តិដែលសម្ដែងដាច់ ។ នេះតាមអ្វីដែលលោកធ្លាប់បួសរៀនកន្លងមក ។
រីឯលោកតាអាចារ្យម្នាក់ នៅក្នុងវត្តរលាំងកំពូលនេះ បានលើកឡើងថា លោកមិនចង់ឱ្យមានការដកហូតតួនាទីព្រះអង្គឡើយ ហើយបើសិនជាមានមែនប្រជាពុទ្ធបរិស័ទពិតជាមានការសោកស្ដាយណាស់ ។ ក្នុងនាមពុទ្ធសាសនិកសូមសំណូមពរទៅសម្ដេចព្រះសង្ឃរាជមេត្ដាផ្ដល់ឱកាសដល់ព្រះអង្គគង់ជាមេគណខេត្តកំពង់ស្ពឺជាបន្តទៀត ដើម្បីដឹកនាំទីអារ៉ាមមួយនេះ ឱ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត ។ សង្ឃឹមថា សម្ដេចព្រមទាំងក្រសួងនឹងពិចារណារឿងនេះ ដើម្បីទុកឱកាសឱ្យព្រះអង្គបានកែប្រែកំហុសដែលកើតឡើង ។
អំពីជីវប្រវត្តិ
ព្រះតេជគុណ ឌូ វណ្ឌឌឿន ប្រសូតនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី៥ ឧសភា ១៩៦៩ ដោយមានញោមប្រុសនាម លន់ ឌូ បច្ចុប្បន្នអាយុ៦៧ឆ្នាំ និងញោមស្រី សៅ សុន អាយុ៦៧ឆ្នាំ មានបងប្អូនរួមផ្ទៃ៤នាក់។ ព្រះអង្គប្រសូតនៅភូមិចំប៉ី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាំងពីប្រសូតមកមាតាបិតាបានចិញ្ចឹមបីបាច់ថែរក្សារហូតដល់ចម្រើនវ័យកាល សមល្មមនឹងចូលសិក្សា ញោមប្រុសបានបញ្ជូនឱ្យចូលសិក្សានៅសាលាមធ្យមសិក្សាឱរ៉ាល់ដោយរៀនបានត្រឹមថ្នាក់ទី៨ ។ ញោមស្រីលាចាកលោកនេះទៅកាលពីឆ្នាំ១៩៨៣ ។ បន្ទាប់ពីម្ដាយបានស្លាប់ ក្រោយពេលធ្វើបុណ្យសព ធ្វើឱ្យព្រះអង្គមានអារម្មណ៍មិននឹងន ព្រោះតែនឹកអាល័យដល់ម្ដាយដែលធ្លាប់ថ្នាក់ថ្នម ។
អំពីការសាងផ្នួស
យុវជន ឌូ វណ្ណឌឿន អាយុគ្រប់១៨ឆ្នាំ បានសម្រេចចិត្តចូលសាងផ្នូសក្នុងទីអារ៉ាមវត្តមុនីឧត្ដម ហៅវត្តតាំងរបង ស្ថិតក្នុងឃុំអេងសំណំ ស្រុកឱរ៉ាល់ នៅឆ្នាំ១៩៨៨ ។ ក្រោយសាងផ្នូសបានស្នាក់អាស្រ័យនៅអារ៉ាមនេះបាន១ឆ្នាំ ក៏និមន្តទៅគង់នៅវត្តទី២ គឺវត្ដនទីវន្ត ហៅវត្តតាំងហោង ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយស្នាក់អាស្រ័យសិក្សាធម្មវិន័យនៅទីនោះបាន៣ឆ្នាំ ។ រហូតដល់ឆ្នាំ១៩៩១ ស្នាក់នៅវត្តរលាំងកំពូល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានឋានៈជាគ្រូសូត្រស្ដាំ ។ រហូតដល់ឆ្នាំ១៩៩៤ ត្រូវបានតែងតាំងធ្វើជាចៅអធិការវត្តរលាំងកំពូលនេះតែម្ដង ។
បន្ទាប់ពីបានឡើងធ្វើជាចៅអធិការមកនៅឆ្នាំ១៩៩៥ ព្រះអង្គត្រូវបានបន្ថែមតួនាទីមួយទៀត គឺជាវិន័យធរអនុគណស្រុកសំរោងទង ។ រហូតដល់ឆ្នាំ១៩៩៨ បានទទួលងារជាព្រះគ្រូវិន័យវាទីអនុគណស្រុកសំរោងទង ។ ឆ្នាំ២០០០ ធ្វើជាវិន័យគណធរគណខេត្ត ដល់ឆ្នាំ២០០៦ បានឡើងជាបាឡាត់គណខេត្ត ។ ដល់ឆ្នាំ២០១០ឡើងធ្វើជាមេគណស្ដីទីរហូតដល់ថ្ងៃទី១៣ សីហា ២០១៥ ព្រះអង្គត្រូវបានសម្ដេចព្រះមហាសង្ឃរាជតែងតាំងជាព្រះមុនីសត្ថាចារ្យកោសល្យមេគណខេត្តកំពង់ស្ពឺ រហូតមកដល់ពេលមានបញ្ហាកើតឡើងនេះ ៕